ជួយចែករំលែក!បើឆ្មា និងសត្វ៥នេះខាំ អាចកើតជំងឺឆ្កែឆ្កួត គ្រោះថ្នាក់ជីវិត

24

ថ្មីៗនេះ ករណីសត្វឆ្មាខាំ អាចធ្វើឲ្យកើតជំងឺឆ្កែឆ្កួត បានបង្កឲ្យការភ្ញាក់ផ្អើលតាមបណ្ដាញសង្គមហ្វេសប៊ុក រហូតមានអ្នកចែកចាយតគ្នា រាប់ពាន់នាក់។ តាមព័ត៌មាននោះ បានបញ្ជាក់ថា ករណីនេះ បានកើតក្នុងខេត្តបាត់ដំបង។
តាមទម្លាប់ប្រសិនបើសត្វចិញ្ចឹមសត្វឆ្មា ឬឆ្កែខាំ យើងគិតថាមិនអីនោះទេ ព្រោះដឹងប្រវត្តិសត្វ។ ប៉ុន្តែ បើតាមវេជ្ជបណ្ឌិតបានពន្យល់ថា ការគតិបែបនេះ ជារឿងខុសហើយ ព្រោះករណីនេះ វាអាចនាំគ្រោះថ្នាក់ដល់ជីវិត បើយើងធ្វេសប្រហែសតែ ១ប៉ប្រិចភ្នែក។ មនុស្សគ្រប់វ័យ ពិសេសកុមារតូចៗ គឺងាយប្រឈមនឹងជំងឺនេះ។

តាមលក្ខណៈវេជ្ជសាស្ត្រ បញ្ជាក់ថាប្រភេទសត្វ ដែលយើងចូលចិត្តចិញ្ចឹមមានដូចជា ឆ្កែ ឬឆ្មា គឺមានមេរោគម្យ៉ាងឈ្មោះថា Rabies នៅក្នុងទឹកមាត់។
ក្រៅពីនេះ មេរោគដដែល ក៏អាចមានចំពោះសត្វសំពោច កណ្ដុរ សេះ និងគោ។ កាលបើមនុស្សបានសត្វទាំង ៦ប្រភេទនេះខាំ ហើយវាឈឺស្រាប់ទៀត គឺភាគរយខ្ពស់បំផុត អាចបង្កទៅជាជំងឺសាហាវម្យ៉ាង ដែលខ្មែរយើងស្គាល់ថា ជំងឺឆ្កែឆ្កួត។

កម្រិតនៃការខាំ

សូមប្រុងប្រយ័ត្នចំណុចនេះ ជា៤កម្រិត បើសត្វលិឍ ឬក្រញៅ តិចតួចមិនអីទេ។ ប៉ុន្តែបើត្រូវវាខាំ រហូតចេញឈាម ឬដាច់សាច់ជ្រៅ គឺជារឿងត្រូវប្រយ័ត្ន។

រោគសញ្ញា និងការចម្លងជំងឺឆ្កែឆ្កួត

តាមការសម្គាល់ បើសត្វ គឺច្រើនចេញរោគសញ្ញាសំខាន់ មានហៀរទឹកមាត់ខ្លាំងមិនឈប់ ខ្លាចទឹក ពន្លឺថ្ងៃ ករឹង រត់ទៅមកគ្មានទិសដៅ ឬលែងស្គាល់មុខម្ចាស់ជាដើម។ ចំណែកឯមនុស្សវិញ គឺក្ដៅខ្លួនខ្លាំង ប្រកាច់ប្រកិន ហៀរទឹកមាត់ កក្លាក់ ខ្លាចទឹក ពន្លឺថ្ងៃ រឹង ក និងងាយស្លន់ស្លោទៅនឹងអ្វីមានដែលរំញោច ដូចជាសំឡេងលឺៗ ជាដើម។
ហាមប៉ះពាល់ទឹកមាត់ អ្នកជំងឺ ឬសត្វដែលមានរោគសញ្ញាទាំងនោះដាច់ខាត ព្រោះងាយនឹងអាចចម្លងបាន។

រយៈពេលចេញរោគសញ្ញា

មនុស្សយើងក្រោយសត្វទាំងនេះខាំ នឹងចេញរោគសញ្ញាដូចខាងលើ ក្នុងចន្លោះពេល ពី ១ ទៅ២សប្តាហ៍។

វិធីការពារ

ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងការពារឆ្កែខាំ ចន្លោះពី ៣ ទី ៥ដង នៅកន្លែងដែលនៅជិតបំផុត ហើយអាចទុកចិត្តបាន ក្រោយត្រូវសត្វឆ្កែ ឆ្មារ សំពោច កណ្ដុរ សេះ និងគោ បានខាំ។
ម្យ៉ាងវិញទៀត គួរចាក់វ៉ាក់សាំង ដែលមានបញ្ចូលអង់ទីគ័រ សម្រាប់ប្រឆាំងវីរុស ឆ្កែឆ្កួត ក្រោយចាក់វ៉ាក់សាំងភ្លាមៗ មានន័យថារាងកាយយើងអាចនឹងមិនទាន់អាចទប់ទល់ជាមួយវីរុសឆ្កែឆ្កួត ក្នុងករណីកម្រិតមេរោគខ្លាំងប្រកាសអាសន្ន។

ការយល់ខុស ត្រូវចៀសវាង

ប្រជាពលរដ្ឋយើងមួយចំនួន ច្រើនតែយល់ខុស ក្រោយសត្វឆ្កែ ឬឆ្មា ច្រើននាំគ្នាចាក់វ៉ាក់សាំងតេតាណូស មិនចាក់វ៉ាក់សាំងការពារឆ្កែខាំទេ។ ចំណុចនេះ លោកវេជ្ជបណ្ឌិត មិនបានបន្ទោសទេ តែលោកចង់បញ្ជាក់ថា អាចមកពីបញ្ហាលុយកាក់ និងចំណេះដឹង។
ប៉ុន្តែ ចំណុចនេះ បើសិនប្រហែសគឺនាំបញ្ហាធ្ងន់ ឬស្លាប់ ព្រោះជំងឺឆ្កែឆ្កួតគឺគ្មានថ្នាំ។
យោងតាមតួលេខដែលបានចុះផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០១៨ អង្គការសុខភាពពិភពលោក បានបង្ហាញថា ជំងឺឆ្កែឆ្កួតបានកើតមាន ជាង១៥០ប្រទេស នៅលើពិភពលោក។
នៅមន្ទីរពេទ្យកុមារជាតិ ក្នុងប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំមាន ២ ទៅ៣ករណី នៃអ្នកជំងឺបានកើតជំងឺឆ្កែឆ្កួត នេះបើការបញ្ជាក់ របស់លោកវេជ្ជបណ្ឌិត ប៉ែនកក្កដា។