អាណោចអាធ័ម! ស្លាប់១៥៤នាក់និងបញ្ជូនទៅពេទ្យជាច្រើនរយនាក់ក្រោយពុលស្រានៅឥណ្ឌា(មានវិដេអូ)

7

យ៉ាង​ហោច​ណាស់​មនុស្ស ៥៤​នាក់​បាន​ស្លាប់​និង​ជាង​២០០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្រោយ​ផ្ទុះ​ករណី​ពុល​ស្រា​ក្នុង​ប្រទេស​ឥណ្ឌា។យោង​តាម​មន្ត្រី​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​អស់​បាន​ផឹក​ស្រា​ដែល​ផលិត​ក្នុង​ស្រុក​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ Assam។ ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ ១៥៤​នាក់​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ពេល​ដែល​មនុស្ស ៣៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់​ស្រា​ខុសច្បាប់​ហើយ​សាកសួរ​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​តំបន់។

ដោយ​ឡែក​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​គឺ​លោក Mukesh Agarwal ឲ្យ​ដឹង​ថា “វា​គឺ​ជា​ស្រា​ដែល​ផលិត​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ស្រុក។ យើង​កំពុង​ស៊ើប​អង្កេត​ពី​សមាសធាតុ​ដែល​យក​មក​លាយ​ក្នុង​ស្រា​នេះ។” ជាមួយគ្នា​ដែរ ករណី​ពុល​ស្រា​នេះ​ដំបូង​បង្អស់​ត្រូវ​បាន​រាយការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​កម្មករ​ចម្ការ​តែ។

គួរ​ឲ្យ​ដឹង​ថា ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើត​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ឥណ្ឌា​កំពុង​ចេញ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ស្រា​ខុស​ច្បាប់ និង​ក្លែងក្លាយ​ដែល​មាន​តម្លៃ​ទាប​ហើយ​អាច​រក​បាន​នៅ​កន្លែង​ជា​ច្រើន​ទូ​ទាំង​ប្រទេស៕