លោក ប្រាក់ សុវណ្ណារ៉ា កាន់តួនាទីថ្មីដែលមិនធ្លាប់មានក្នុងវិស័យបាល់ទាត់កម្ពូជា

6

លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្គោលជម្រើសជាតិលើកឡើងថា កម្ពុជាពុំធ្លាប់មានអ្នកចាត់ការដែលកាន់តួនាទីទាំងបង្វឹកបែបនេះឡើយ ដូច្នេះលោកចង់បង្កើតទំព័រថ្មីក្នុងវិស័យបាល់ទាត់ជាតិ។

គាត់បានពន្យល់ថា៖ “នៅក្នុងប្រទេសយើងដូចអត់ទាន់មានគ្រូបង្វឹកជាអ្នកចាត់ការក្រុមទេ ព្រោះកន្លងមកមានទាំង Team Manager ហើយ មានទាំង Head Coach។ ឥឡូវនេះយើងធ្វើឲ្យមានការប្រែប្រួលដោយមានអ្នកចាត់ការក្រុមកាន់តួនាទីទាំង Head Coach  ផងដូច Sir Alex Ferguson ជាដើម។ អាហ្នឹងយើងធ្វើលំនាំតាមអន្តរជាតិដែលគេធ្វើយូរមកហើយ”។

គាត់បានសង្កត់ធ្ងន់បន្ថែមទៀតថាតួនាទីជាអ្នកចាត់ការថ្មីនៅអគ្គស្នងការដ្ឋាននគរបាលជាតិ គឺក្ដោបទាំងការងារបង្វឹករៀបចំយុទ្ធសាស្ត្រប្រកួតតែម្ដង។ គួរអោយដឹងផងដែរថា លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានបង្ហាញជាអ្នកចាត់ការថ្មីក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ហើយក្លិបចុងក្រោយបង្អស់ដែលលោក ប្រាក់ សុវណ្ណារ៉ា ដឹកនាំគឺ បឹងកេត ដោយឈ្នះជើងឯក Cambodian League 2016 ក្រោយមានបទពិសោធនៅក្លិបផ្សេងៗទៀតដូចជា ភ្នំពេញអ៊ីមផាយអឺរ, ព្រះខ័នរាជ និងណាហ្គាខប។